ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នៅភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ជួសជុលផ្លូវលំ ដែលមានទទឹង ៤ ម៉ែត្រ បណ្តោយ ២២០០ ម៉ែត្រ ក្រាលថ្មអឹមសាម កំរ៉ាស ១០សង់ទីម៉ែត្រ ក្រោមការផ្តួចផ្តើមគំនិតបង្កើតមូលនិធិ ពីឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងការបើកការដ្ឋានសាងសង់ទាំងនេះ ដើ ម្បីរួមចំណែកក្រោមម្លប់សន្តិភាពដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបទៅដោយគតិបណ្ឌិតរបស់សម្ដេចអគ្គសេនាមហាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរ ក៏មានវត្តមានរួមក្នុងកម្មវិធីមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាព លោកអភិបាលរងស្រុក កំពង់រោទិ៍ ក្រុមប្រឹក្សាឃុំស្វាយតាយាន មេភូម លោកយាយ លោកតា លោក លោកស្រី សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។
ក្នុងមតិសំណេះសំណាល ឯកឧត្ដម ឃុន សាវឿន បានមានប្រសាសន៍ថា ឯកឧត្តមសប្បាយចិត្ត បានរួមចំណែកបម្រើជាតិ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរនេះ គឺការអភិវឌ្ឍន៍ដើម្បីរួមចំណែកសំរាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀត ក៏ជាការចូលរួមចំណែកកែលម្អ សោភ័ណ្ឌភាព ក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ របស់យើងផង និងបានចែកជូនសារុងដល់អ៊ំពូមីងលោកយាយលោកតាប្រជាការពារ ទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធី។
ឯកឧត្ដម ឃុន សាវឿន ក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សា ការពារផ្លូវនេះដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណ:បានយូរអង្វែងផងដែរ។
ជាកិច្ចបញ្ចប់ក្នុងពិធីក៏មានអាហារសាមគ្គីនំបញ្ចុកថ្ងៃត្រង់ជាមួយលោកយាយលោកតាអ៊ំពូមីងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ប្រកបទៅដោយភាពសិ្នទ្ធស្នាលត្រេកអររីករាយយ៉ាងយកចិត្តទុកដាក់បំផុត ៕