ខេត្តព្រះសីហនុ ៖ ប្រភពពត៌មានពីមន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីវេលាម៉ោង ១០,២០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ មានករណីឆេះទូកដឹកបន្លែ០១គ្រឿង ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម ។
ករណីនេះបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ក្នុងពេលដែលមនុស្សចំនួន១០នាក់ទៀតដែលរួមដំណើរជាមួយ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា ។ មូលហេតុបណ្តាលឲ្យឆេះនោះគឺមកពីធ្លាយទុយោប្រេងហើយប៉ះនឹងបំពង់ស៊ីម៉ាំងបណ្តាលឲ្យឆេះសន្ធោសន្ធៅរហូតលិចតែម្តង។ នេះបើយោងតាមការរៀបរាប់របស់អ្នកបើកបរទូក ៕