អន្តរជាតិ៖ អង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យម្ចាស់ជំនួយអន្តរជាតិ បង្កើនការជួយគាំទ្រ ចំពោះប្រទេសអាហ្វហ្គានីស្ថាន ខណៈគ្រោះរាំងស្ងួតកំពុងតែកើនឡើង និងការដកកងទ័ពបរទេសចេញ ដែលនាំឲ្យប្រជាជនជាច្រើនត្រូវបង្ខំចិត្ត ជម្លៀសខ្លួនដើម្បីសុវត្ថិភាព ។
លោក Ramiz Alakbarov អ្នកសម្របសម្រួល កិច្ចការមនុស្សធម៌ដល់អាហ្វហ្គានីស្ថានប្រចាំនៅ UN បានថ្លែងថា ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ ១៨លាននាក់ (ស្មើពាក់កណ្តាលចំនួននៃប្រជាជនសរុប) កំពុងត្រូវការជំនួយ ហើយ ១ ភាគ ៣ នៃចំនួនប្រជាជនក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងខ្វះអាហាររូបត្ថម្ភ ជាពិសេសគឺកុមារអាយុក្រោម ០៥ឆ្នាំនោះតែម្តង។
រហូតមកទល់នឹងពេលនេះ ទឹកប្រាក់ជំនួយប្រមាណ ៤៥០លានដុល្លារប៉ុណ្ណោះដែលត្រូវបានផ្តល់ ហើយវាពិតជាតិចជាងតម្រូវការជាក់ស្តែងខ្លាំងណាស់។ ដោយឡែកសម្រាប់ការដកកងទ័ពអាមេរិកទាំងស្រុង នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ត្រូវបានអ្នកឃ្លាំមើលព្រួយបារម្ភថា នឹងបង្កឲ្យប្រទេសនេះ ធ្លាក់ចូលក្នុងបញ្ហាអសន្តិសុខខ្លាំងឡើងវិញ ព្រោះតែការបង្កើនឥទ្ធិពលនៃក្រុមឧទ្ទាមតាលីបង់ ក្នុងការប្រយុទ្ធដណ្តើមយកទឹកដី៕