ខេត្តកោះកុង ៖ មានរឿងរ៉ាវដ៏អាស្រូវមួយបានកើតឡើង នៅភូមិត្រពាំង ស្រុកស្រែអំបិល ករណីស្ត្រីវ័យ២៨ ឆ្នាំម្នាក់ ឈ្មោះផន រតនា ជាភរិយាអនុប្រធានផ្សារស្រែអំបិល បានបាត់បង់កិត្តិយសអស់មួយភាគធំក្នុងស្រុកកំណើតរបស់ខ្លួន គ្រាដែលមហាជនមួយចំនួន តែងតែខ្សឹបខ្សៀវតៗគ្នាថា ឈ្មោះ ផន រតនា កើតកូវីដ១៩ ។ ចំពោះរឿងរ៉ាវមិនពិតមួយនេះ លោកស្រី ផន រតនា មានការហួសចិត្ត ខណៈរូបលោកស្រីបានទៅធ្វើការព្យាបាលជំងឺប្រចាំកាយ រោគខ្សោយបេះដូង តង់ស្យុងទាប និងសំពាធឈាមធ្លាក់ចុះដល់កម្រិតអប្បរមា រហូតដល់សន្លប់បាត់ស្មារតី។
អ្នកគ្រូពេទ្យ តេង សម្ផស្ស បានបញ្ជូនអ្នកជំងឺឈ្មោះ ផន រតនា បន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅថ្ងៃទី៤ មិថុនា ២០២១ វេលាម៉ោង១០ព្រឹក ហើយអ្នកជំងឺក៏ជាសះស្បើយតាមប្រក្រតីវិញ។ ប៉ុន្តែពេលវេលាបានកន្លងផុតត្រឹមតែ០២ថ្ងៃ លោកស្រី ផន រតនា នៅល្ងាចថ្ងៃទី៦ មិថុនា បានរៀបរាប់ទាំងពិបាកចិត្តថា មានអ្នកស្រុកមួយចំនួនធំដើរនិយាយពីរឿងគ្លីនិក លោកស្រី តេង សម្ផស្ស ថាបានទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ពោលគឺរូបលោកស្រី ផន រតនា តែម្តង។
គួរបញ្ជាក់ថា លោកស្រី ផន រតនា ធ្លាប់បានធ្វើតេស្តរួចមកហើយ ពុំមានជំងឺកូវីដ១៩ ដូចពាក្យចរចាមរាមនោះឡើយ។ លពីព្រឹកថ្ងៃទី៦ មិថុនា ២០២១ ដដែលនេះ លោកស្រី ផន រតនា ដែលរងការវាយប្រហារពីមនុស្សក្នុងស្រុកមួយចំនួននោះ លោកស្រីក៏បានបង្ហោះសារតាមបណ្តាញសង្គមហ្វេកប៊ុករបស់លោកស្រី ដែលមានឈ្មោះថា «កូនអ្នកស្រែអំបិល»ដែលមានខ្លឹមសារថា «គេថាខ្ញុំសន្លប់ នឹងដោយសារកើតកូវីដ ប្រកាច់ ខ្ញុំមិនបានកើតកូវីដទេ ខ្ញុំខ្សោយខ្វះឈាម ខ្វះជាតិស្ករ អស់កម្លាំង ថប់ដង្ហើម ហត់ បានជាដាក់ខ្យលអុកស៊ីសែន ហើយក៏អរគុណអ្នកដែលបានជួយខ្ញុំ ដោយមិនខ្លាចខ្ញុំ អរគុណអ្នកដែលបានសួរសុខទុក្ខ »។
បន្ថែមលើនេះទៀត លោកស្រី ផន រតនា សូមធ្វើការបំភ្លឺដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សំរាប់ពេលនេះ អក្ការៈក្នុងខ្លួនរបស់លោកស្រី ពុំមានអ្វីកើតឡើងឡើយ ពោលគឺមានសុខភាពមាំទាំ ជាប្រក្រតីទេ ចំណែកគ្លីនិករបស់លោកស្រី តេង សម្ផស្ស ក៏ពុំបានទទួលព្យាបាលអ្នកជំងឺកូវីដណាម្នាក់នោះដែរ ៕