ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ធ្វើការឃាត់បង្ក្រាបរថយន្ត១គ្រឿង ដែលសកម្មក្នុងការដឹកលៀសចម្រុះល្មើសច្បាប់ ដឹកជញ្ជូនទៅលក់នៅប្រទេសជិតខាង។ការបង្ក្រាបនេះនៅម៉ោងប្រមាណ២៣និង ៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចកំពង់តាសែង ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចឲ្យដឹងថាម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស លាយខៀវ បណ្តោយ៩ម៉ែត្រ ទទឹង២.៤០ម៉ែត្រ កំពស់៣.២ម៉ែត្រ ទម្ងន់១០តោនពាក់ស្លាកលេខ(ភ្នំពេញ 3A-5959 លេខថ្មី) (កំពង់ឆ្នាំង3A-0591 លេខចាស់) និង លៀសនៅលើរថយន្ត ចំនួន ៥០០ ការ៉ុង ប្រគល់ជូនជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកពង់ឆ្នាំងដើម្បីបន្តនីតិវិធី ។ប្រភពដដែលបញ្ជាក់ថា ករណីខាងលើជាបទល្មើសជលផល និងស្តីពីបទប្រើប្រាស់ស្លាក់លេខរថយន្តខ្លែងក្លាយ ។
ក្រោយមកកម្លាំងជំនាញជលផលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរដឹកជញ្ជូនលៀសចំនួន៥០០ការ៉ុង ខាងលើទៅចាក់លែងនៅចំណុចស្ពានវត្តស្ទឹង ស្ថិតក្នុងភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។ ក្រោយពីបានចាក់លែងលៀសទាំងអស់រួច កម្លាំងជំនាញរដ្ឋបាលខណ្ឌជលផលបានយករថយន្តទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្ត និងកសាងសំណុំរឿងតាមនីតិវិធី ។
ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងថា លោកបានទទួលព័ត៌មាននេះហើយ កម្លាំងជលផលកំពុងធ្វើការស្រាវជ្រាវ ថាជាករណីដដែលៗឬយ៉ាងណា?៕