រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅឆ្នាំ 1999 ហើយជាបន្តបន្ទាប់ កម្ពុជាបានគាំទ្រប្រទេសទីម័រខាងកើតឈានចូលជាសមាជិកអាស៊ាននៅឆ្នាំ 2022 ដូច្នេះការកើតតួនាទីនិងសារៈសំខាន់នៃអង្គការក្នុងតំបន់មួយនេះវាផ្សារភ្ជាប់ជាមួយតួនាទីនិងសារៈសំខាន់នៃប្រទេសជាសមាជិកអង្គការអាស៊ានផងដែរ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបើកវេទិកាពិភាក្សាក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅវេទិកាពិភាក្សា លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិទី៧ នយោបាយការបរទេសកម្ពុជាក្នុងក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា មិនខុសពីអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនោះឡើយ គឺជំរុញបន្ថែមទៀតរាល់សកម្មភាពនូវរាល់ការងារអាទិភាព រក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី។នយោបាយការបរទេសកម្ពុជា និងបន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ។ ទន្ទឹមនៅះ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយការបរទេសលើឆាកអន្តរជាតិផងដែរ។
លោក គង់ ភោគ បានថ្លែងថា ការងារអាទិភាពមួយចំនួនដែលជាការងារសំខាន់សម្រាប់កិច្ចការបរទេសរបស់កម្ពុជានៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាទៅអាណត្តិក្រោយៗទៀតនោះ គឺបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូរនានានៅជុំវិញពិភពលោក បន្តជំរុញការដំឡើងកម្រិតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជាជាមួយដៃគូរ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជា ឱ្យស្របតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី។រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបងជាមួយដើម្បីរក្សាសន្តិសុខ ស្ថិរភាពតាមបន្ទាត់ព្រំដែន និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន៕
ដោយមានសំណួរអំពីបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា លោក គង់ ភោគ បានឆ្លើយតបពីជំហររបស់សមាជិកអាស៊ានទាំងអស់ ដែលទាមទារឱ្យមានការដោះស្រាយបញ្ហានេះឱ្យកាន់តែឆាប់រហ័ស ខណៈដែលបញ្ហាជម្លោះផ្ទៃក្នុងនេះបានផ្ទុះឡើងកាលពីអំឡុងឆ្នាំ២០២១ ដោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ពីតំណែងទីប្រឹក្សារដ្ឋ។
ជាមួយគ្នានេះ លោក គង់ ភោគ បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងហើយថា ត្រូវតែរៀបចំគោលការណ៍អន្តរកាលមួយ ដែលត្រូវអនុវត្តពីប្រធានអាស៊ានមួយទៅប្រធានមួយ ដោយវាមានភាពចាំបាច់ដែលយើងត្រូវបង្កើតឱ្យមាននិរន្តភាពនៅក្នុងចូលរួមចំណែក ជំរុញកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុចសម្រាប់អាស៊ាន ដែលជាឯកសារយោងសំខាន់សម្រាប់ជួយមីយ៉ាន់ម៉ា ដែលមានអនុម័តដោយកម្ពុជាក្នុងឆ្នាំ២០២២ ខណៈដែលកម្ពុជាបានទទួលញញួរជាប្រធានអាស៊ាន។
ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាមួយលើក ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាពីរលើកផងដែរ៕