អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ ដែលរបាយការណ៍សារព័ត៌មានបញ្ជាក់ថា មេក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin និងសមាជិកជាន់ខ្ពស់ផ្សេងទៀតស្ថិតនៅលើនោះ។
នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ លោក ពូទីន បានសម្ដែងការរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់លោក ទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ ដោយពណ៌នាការធ្លាក់យន្តហោះថាជាសោកនាដកម្ម។
ហេតុការណ៍ធ្លាក់យន្តហោះ កាលពីល្ងាចថ្ងៃពុធ បានកើតឡើង បន្ទាប់ពីលោក Prigozhin បានដឹកនាំការបះបោរប្រឆាំងនឹងលំដាប់យោធាកំពូលរបស់ទីក្រុងមូស្គូ ខណដែលអ្នកសង្កេតការណ៍មួយចំនួន ចាប់ទុកថាវាជាការព្រមានដ៏ធំបំផុតរបស់លោកពូទីន ចំពោះជនក្បត់ជាតិ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍សារព័ត៌មាន បញ្ជាក់ថា យន្តហោះនេះបានធ្លាក់ អំឡុងពេលធ្វើដំណើរចេញពីទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង St Petersburg ដោយសម្លាប់អ្នកដំណើរទាំងអស់ ដោយបន្ថែមថា នៅលើនោះមានមនុស្សសរុប ៧ នាក់ និងអ្នកបើក ៣ នាក់ ហើយសន្មត់ថា មានវត្តមានរបស់ លោក Prigozhin ផងដែរ៕