ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅសរុបចំនួន ២៤០ ច្បាប់ ប្រគេនដល់សាលាអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះមានសៀវភៅ ៖
-កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ១២០
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ចំនូន ៣០
-ទឹកចិត្តអ្នកជួយសង្គ្រោះ ចំនូន ៣០
-សម្តេច ហ៊ុន សែន 3យន្តការឈ្នះកូវីដ-១៩ ចំនួន ៣០
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ចំនួន ៣០
ក្នុងឱកាសនោះ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះគ្រូអនុគណស្រុករលាប្អៀរ ព្រះចៅអធិការវត្តព្រះវិហារហ្លួង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ព្រះមេត្តិសត្ថា បានបន្តសង្ឃដីកាថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អខ្លាំងណាស់ ហើយសៀវភៅដ៏មានតម្លៃនេះ នឹងចែកជូនដល់វត្តទាំង ៦២ និងរដ្ឋបាលឃុំទាំង ១៤ ក្នុងស្រុករលាប្អៀរ ព្រមទាំងបណ្ណាល័យនៃសាលាគណ ខេត្តកំពង់ឆ្នាំង , មន្ទីរធម្មការ និងសាសនា , សកលវិទ្យាល័យព្រះសីហនុរាជ សាខាកំពង់ឆ្នាំង, សាលាពុទ្ធិកវិទ្យាល័យសម្ដេចតេជោ កំពង់ឆ្នាំង និងរដ្ឋបាលស្រុករលាប្អៀរ ដើម្បីជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។
លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមធ្លាប់បានធ្វើការងារមនុស្សធម៌ក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ២ លើក និងដាំដើមឈើប្រណិតក្នុងស្រុករលាប្អៀរ ចំនួន ១ លើក នៃទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកប្រធានរូបនេះបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ៕