រាជធានីភ្នំពេញ ៖ នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្អៃ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២នេះ អង្គសន្និបាត បានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។
សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាសថា ៖ «អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្មន្ត្រីសម្រាប់ពេលអនាគត»។
គណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ដោយបានដឹកនាំរាជរដ្ឋាភិបាល រយៈពេល៦អាណត្តិមកនេះ។ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលុប ដោយទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់ផងដែរ៕