ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសមាសភាពគណៈកម្មការប្រតិបត្តិអាណត្តិទី៣ថ្មី និងទិសដៅការងារបន្តសម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៥។ គណៈកម្មការប្រតិបត្តិ នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ ឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បន្តទៀត បន្ទាប់ពីលោកបានដឹកនាំសហព័ន្ធសារព័ត៌មាននិងការផ្សព្វផ្សាយដ៏ធំមួយនេះអស់រយៈពេល២អាណត្តិ ស្មើនឹង៦ឆ្នាំមកហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន សម្រាប់អាណត្តិបន្តនេះ គណៈកម្មការប្រតិបត្តិ ស.ស.ស.ក ក៏បានជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការប្រតិបត្តិចំនួន៨រូប និងតែងតាំងបន្ថែមទីប្រឹក្សាចំនួន ១រូប ដែលធ្វើឱ្យសមាសភាព ក្នុងគណៈកម្មការប្រតិបត្តិ សរុប២២រូប ទីប្រឹក្សា៩រូប និងលេខាធិការដ្ឋាន៩រូប។
សម្រាប់អាណត្តិបន្តដែលមាន ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តដឹកនាំ ស.ស.ស.ក បានសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាព៣ធំគឺ៖ ទី១. សារព័ត៌មានអាជីព ទី២. ការផ្សាយមហាជនតាមបណ្តាញសង្គម និងទី៣. ការងារសាធារណមតិលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងបែបទំនើប។ ចំពោះការបើកវគ្គបណ្តុះបណ្តាលវិញ ស.ស.ស.ក គ្រោងបន្តលើ ចំណេះដឹង ជាអាទិភាព៥សំខាន់គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន ការបណ្តុះបណ្តាលវាគ្មិន កិច្ចការអ្នកនាំពាក្យ, និងកិច្ចការសាធារណៈ
សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា៖ «ការដាក់ចេញផែនការសកម្មភាពនេះ អាស្រ័យដោយបានមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល នៅក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។ ជាមួយគ្នានេះ ដើម្បីបន្តបេសកកម្មការងាររបស់ ស.ស.ស.ក ប្រកបដោយភាពរស់រវើកស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោកលើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ»។
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរំលឹកគោរពថ្លែងអំណរគុណចំពោះឥស្សរជនថ្នាក់ដឹកនាំដែលបានគាំទ្រសកម្មភាពការងារ ដែលរួមមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តម ហោ ណំាហុង ឯកឧត្តម ខៀវ កាញារីទ្ធ ឯកឧត្តម ប៉ា សុជាតិវង្ស និងឯកឧត្តម ហ៊ុន ម៉ានី។ ជាមួយគ្នានេះ គណៈកម្មការប្រតិបត្តិ ស.ស.ស.ក ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនពីវិស័យឯកជន ដែលបានគាំទ្រសកម្មភាពការងាររបស់ ស.ស.ស.ក ផងដែរ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយទទួលស្គាល់ពី ក្រសួងព័ត៌មាន និងបានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» ដោយក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលបានដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រយៈពេល៦ឆ្នាំមកនេះ និងក្នុងនាមគណៈកម្មការប្រតិបត្តិ បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន ព្រមទាំង សមាជិក សមាជិកា ដែលបានលះបង់ពេលវេលា ឆន្ទៈ ប្រាជ្ញា ស្មារតី ស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការងារបស់ ស.ស.ស.ក រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ជាពិសេសនៅក្នុងបេសកកម្មដ៏ពិសិដ្ឋចូលរួមចំណែកលើកកម្ពស់តួនាទីសារព័ត៌មាន និងគុណភាពការផ្សព្វផ្សាយ ដើម្បីបុព្វហេតុឧត្តមភាពជាតិមាតុភូមិកម្ពុជា៕