ខេត្តបន្ទាយមានជ័យ ៖ លោកវីរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ អនុវត្តតាមបទបញ្ជារបស់ លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់កងកំលាំង បានសហការជាមួយ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ និងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្នុងនោះក៏បាន សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិលចុះបង្ក្រាបបានក្មេងទំនើង ៣៣នាក់ ចំនួន ២ថ្ងៃ ៩ និងថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ និងម៉ូតូ ២៦គ្រឿងក្នុងនោះ កែដាក់ស៊ីម៉ាំង លឺខ្លាំងៗ ២១ គ្រឿង បង្ហោះ២គ្រឿង ជិះអមពីក្រោយចាំថត២គ្រឿង ជិះបែមុខមកក្រោយ១គ្រឿង នាំ យកមកអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងថា ចំពោះក្មេងទំនើងទាំង៣៣នាក់នោះ នគរបាលបានឲ្យអនុវត្ត៣ចំណុច ចំណុចទី១ ឲ្យម្ចាស់អ្នកជិះម៉ូតូអត់ពន្ធយកទៅបង់ពន្ធខ្លួនឯង ពេលធ្វើកិច្ចសន្យារួច ។ចំណុចទី២ ម្ចាស់ម៉ូតូកែស៊ីម៉ាំងដាក់បំពងសំលេងឮខ្លាំងៗបង្ករំខានដល់ប្រជាពលរដ្ឋឲ្យដាក់ស៊ីម៉ាំងធម្មតាឡើងវិញ ។ចំណុចទី៣ក្រោយពីធ្វើកិច្ចសន្យារួចចំពោះម្ចាស់ម៉ូតូទាំងអស់ត្រូវធ្វើការផាកពិន័យទៅតាមរដ្ឋបាលច្បាប់ចរាចរណ៍ ថែមទៀត៕
ទន្ទឹមនោះ ក្រោយពីពិធីគោរពទង់ជាតិនា ថ្ងៃច័ន្ទទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និង មន្ត្រីនគរបាលប្រមាណជាង៣០០នាក់ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់កងម្លាំងនគរបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួនដោយសហការជាមួយកម្លាំងប្រជាការពារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០
២២កន្លងមកនេះ ប្រព្រឹត្តដោយរលូន មានតម្លាភាព គ្មានអំពើហឹង្សា គ្មានការគំរាមកំហែង ៕