អន្តរជាតិ ៖ នេះបើយោងតាមបញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានឲ្យដឹង នៅថ្ងៃពុធនេះ កងកម្លាំងប្រដាប់អាវុធចិន បានរៀបចំធ្វើសមយុទ្ធយោធាមួយ នៅជិតកោះតៃវ៉ាន់ ដែលជាការផ្គើនទៅដល់សហរដ្ឋអាមេរិក វិញ។
យោធារបស់ទីក្រុងប៉េកាំង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជនចិន បានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធយោធា នៅក្នុងសមុទ្រ និងលំហអាកាសជុំវិញកោះតៃវ៉ាន់ ហើយបញ្ជាក់ថានេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយចំពោះទង្វើរបស់អាមេរិក ដែលលូកដៃចូលក្នុងរឿងតៃវ៉ាន់។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានឆ្លើយតបវិញថា ឲ្យអាមេរិក ប្រយ័ត្នខ្លួន ដែលហ៊ានលូកដៃចូលជួយតៃវ៉ាន់នេះ ហើយថា ទីក្រុងប៉េកាំង នឹងចាត់វិធានការខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ កើតឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់ទីក្រុងប៉េកាំង ហោះចូលដែនការពារអាកាសទីក្រុងតៃប៉ិ ដោយគ្មានការអនុញ្ញាត៕