កីឡា ៖ ក្រុមម្ចាស់ផ្ទះ Real Madrid បានឡើងទៅប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Man City ក្នុងលទ្ធផល ៣ទល់នឹង១ និងសរុបទាំងពីរជើង ៦ទល់នឹង៥ ។
ក្នុងការប្រកួតវគ្គទី១ កាលពីយប់មិញ ក្រុមទាំងពីរហាក់ស្ទាប់ស្ទង់គ្នានៅឡើយ ដូច្នេះគ្រាប់បាល់មិនមានកើតឡើងអ្វីឡើយសូម្បីតែមួយគ្រាប់ ខុសប្លែកកាលពីជើងទី១ ដែល៤៥នាទីដំបូង គ្រាប់បា់ល់បានកើតឡើងដល់ទៅពីរគ្រាប់។
លុះឈានចូលដល់វគ្គទី២ Real Madrid ដែលជាក្រុមម្ចាស់ផ្ទះ ហាក់ចាប់ផ្តើមវាយសម្រុកមកលើ Man City ដើម្បីស្វែងរកគ្រាប់បាល់ ប៉ុន្តែអ្នកដែលមានសំណាងមុននោះ គឺ Man City ដែលអាចរកគ្រាប់នៅនាទីទី៧៣ ពីការស៊ុតមួយជើងឆ្វេងរបស់ Riyah Mahrez ដើម្បីបន្ថែមគ្រាប់បាល់នាំមុខដល់ទៅ២គ្រាប់ បើគិតគ្រាប់បាល់ជើងទី១ទៀត។
យ៉ាងណាក៏ដោយ ក្នុងពិភពបាល់ទាត់ គឺ អ្វីៗពិតជាអាចកើតឡើងមែន បន្ទាប់ពីកីឡាករដែលប្តូរចូល Rodrygo អាចរកបានពីរគ្រាប់វាយបកលឿនៗមិនគួរឲ្យជឿក្នុងនាទីទី ៩០ និង ៩០+១ ធ្វើឲ្យលោក Pep Guardiola ស្រឡាំងកាំងតែម្តង ហើយ ការប្រកួតក៏បានអូសបន្លាយដល់វគ្គបន្ថែមម៉ោង ១៥នាទីពីរដង។
ឈានចូលដល់វគ្គថែមម៉ោង Real Madrid ប្រើពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ក៏មានឪកាសរកគ្រាប់បាល់បានទៀតពីការស៊ុតបាល់ប៉េណាល់ទីរបស់ Karim Benzema ហើយ នេះក៏ជាគ្រាប់ជ័យជម្នះជួយ Real Madrid យកឈ្នះ Man City ក្នុងលទ្ធផល ៣ទល់នឹង១ និង សរុបទាំងពីរជើង ៦ទល់នឹង៥ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយ Liverpool ៕