រាជធានីភ្នំពេញ ៖ ដោយទ្រាំមិនបាននឹងទង្វើអសីលធម៌របស់តាវ័យចំណាស់ម្នាក់ដែលបានប្រើល្បិចលួងកូនស្រីទើបអាយុ១៣ឆ្នាំរំលោភ បានសម្រេចច្រើនដង ឪពុកម្តាយកុមារីរងគ្រោះបានសម្រេចដាក់ពាក្យប្តឹងទៅសមត្ថកិច្ចឲ្យចាប់វ៉ៃខ្នោះតាវ័យចំណាស់ល្មោភកាម។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់វ៉ៃខ្នោះតាវ័យចំណាស់ខាងលើធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៦,៣០នាទីល្ងាច ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅបន្ទប់ជួលក្នុងសង្កាត់ពងទឹក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យចំណាស់ល្មោភតណ្ហារូបនេះឈ្មោះ មាស សារឿន អាយុ៥៨ឆ្នាំជាអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួលក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ អ្នកទាំង២នាក់នេះ មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ខណៈដែលនាងសម្រាកពីការសិក្សានៅសាលា ព្រោះតែសាលាបិទទ្វារដោយកូវីដ-១៩ ហើយនាងនៅផ្ទះរៀងរាល់ថ្ងៃ ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យ និងឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះ មានទំនាក់ទំងរាប់អានគ្នាស្រឡាញ់គ្នាខ្លាំងណាស់ ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ឪពុកម្ដាយក្មេងស្រីបានហៅបុរសចំណាស់នេះទៅហូបបាយនៅផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយចាត់ទុកដូចជាសាច់ញាតិដែរ ហើយក៏ពុំដែលគិតថា ត្រូវបុរសនេះស៊ីបាយបោកឆ្នាំងនោះឡើយ ។
ប៉ុន្តែតាវ័យចំណាស់មិនបានគិតល្អជាមួយគ្រួសារជនរងគ្រោះនោះទេ បែរជាលួងលោមកូនស្រីដែលទើបអាយុ១៣ឆ្នាំ រំលោភជាបន្តបន្ទាប់ រហូតដល់ទៅ៤ដងឯណោះ ។ យ៉ាងណាក៏ដោយក្រោយដឹងរឿងរ៉ាវចុកឈាមនេះ ឪពុកម្តាយជនរងគ្រោះបានព្យាយាមហាមឃាត់តាវ័យចំណាស់នោះឲ្យឈប់ទាក់ទងជាមួយកូនគាត់បន្តទៀតក្រោយការបែកធ្លាយ ។ ប៉ុន្តែជនល្មោភកាមមិនស្តាប់នោះឡើយ ។ ហើយនៅតែលួចនាំកូនស្រីទៅរំលោភជាបន្តបន្ទាប់ទៀត និងបានជួលផ្ទះមួយកន្លែងនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ស្នាក់នៅថែមទៀត ។ លុះមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសនេះបាននាំក្មេងស្រីទៅរួមមេត្រីនៅបន្ទប់ជួលខាង លើដោយមិនខ្វល់នឹងការហាមប្រាមរបស់ក្រុមគ្រួសារក្មេងស្រីនោះឡើយ ។ ចំណែកឪពុកម្ដាយនាងបន្ទាប់ពីបាត់កូនស្រីក៏តាមរកគ្រប់ច្រកល្ហកតែមិនឃើញ ។
រហូតដល់វេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ទើបទទួលដំណឹងថា ពួកគេកំពុងនៅជាមួយគ្នាក្នុងបន្ទប់ជួលខាងលើ ក៏ទៅឃាត់ខ្លួនបុរសចំណាស់ឈ្មោះ មាស សារឿន នេះនាំទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ៕