អន្តរជាតិ ៖ ក្រុមនាវាចម្បាំង USS Abraham Lincoln កំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃឧបទ្វីបកូរ៉េ ខណប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា នាវាទាំងនោះត្រូវបានដាក់ពង្រាយ ស្របពេលមានភាពតានតឹងជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នេះតាមសម្តីមន្ត្រីអាមេរិកមួយរូប។
ក្រុមនាវានេះ កំពុងស្ថិតនៅក្នុងសមុទ្រជប៉ុន ដែលត្រូវគេស្គាល់ថា ជាសមុទ្រខាងកើត សម្រាប់ត្រៀមធ្វើសមយុទ្ធជាមួយកងកម្លាំងជប៉ុន ដើម្បីធានាដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់។
ទន្ទឹមនោះ ចំណាត់ការនេះ កើតឡើងនៅពេលដែលមន្ត្រីអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងថា កូរ៉េខាងជើង អាចធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដី ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ២០១៧ មក ដែលក្រុមនាវាផ្ទុកយន្តហោះអាមេរិក បានដាក់ពង្រាយក្នុងដែនទឹក រវាងកូរ៉េខាងត្បូង និងជប៉ុន ស្របពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង ជុំវិញកម្មវិធីសាកល្បងអាវុធមីស៊ីល៕