ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានអញ្ជើញ ជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពីការអនុវត្តការងារ គណនេយ្យភាពសង្គម រៀបចំដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង សហការ សម្របសម្រួលជាមួយក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ជាតិ ដោយមានការចូលរួមពីអស់លោកលោកស្រីមកពីសាមីមន្ទីរពាក់ព័ន្ធក្នុងខេត្តផងដែរ ។
មានប្រសាសន៍បើកក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍ថាវ គ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការ យុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ » ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការ អនុវត្ត គណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ» ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើការពង្រឹង ភាពងាយស្រួល ទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការ ត្រួតពិនិត្យតាមដាន ដោយប្រជាពលរដ្ឋការសម្របសម្រួល និងការពង្រឹង សមត្ថភាព និង ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
ឯកឧត្តមក៏បានមានប្រសាសន៍បន្តថា ៖ វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃមានសារ:សំខាន់ណាស់និងផ្តល់អោយយើងយល់ដឹងយ៉ាងច្បាស់នូវអត្ថន័យនៃការអនុវត្តការងារគណនេយ្យភាព ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធរួមមានវិស័យសាធារណៈ អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសកម្មភាពអភិវឌ្ឍរបស់ស្ថាប័ន អង្គភាពនិមួយៗប្រកបដោយប្រសិទ្ធិភាព និងទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើទៅគ្រូបង្គោលទាំងអស់សូមយកចិត្តទុកដាក់តាមដានស្តាប់នូវមេរៀននីមួយៗស្តីពីការអនុវត្តគណនេយ្យភាពសង្គម ដើម្បីជាទុនដ៍សំខាន់សម្រាប់យកទៅបង្រៀនបន្តដល់រដ្ធបាល ឃុំ សង្កាត់ យកទៅអនុវត្តទទួលបានជោគជ័យ ៕