អន្តរជាតិ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងចាប់ផ្តើមធ្វើការសាងសង់នាវាមុជទឹកថ្មីមួយគ្រឿងក្នុងចំណោម ៨គ្រឿងនៅសប្តាហ៍ក្រោយ ។នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters។
បច្ចុប្បន្នកោះតៃវ៉ាន់មាននាវាមុជទឹកចំនួន ៤ គ្រឿង ខណៈនាវាមុជទឹកដែលសាងសង់ថ្មីនេះត្រូវគេរំពឹងថានឹងចូលបម្រើវិស័យការពារជាតិនៅចុងឆ្នាំ ២០២៤ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យការិយាល័យប្រធានាធិបតីលោក Xavier Chang បាននិយាយថាកម្មវិធីនេះគឺជាផ្នែកសំខាន់មួយនៃការធ្វើទំនើបកម្មយោធារបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen ។
លោក Chang បាននិយាយថា “នេះតំណាងឲ្យព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងផែនការផលិតនាវាមុជទឹកជាតិ” ។ លោកបន្តថា លោកស្រី Tsai គ្រោងនឹងចូលរួមក្នុងពិធីនេះនៅថ្ងៃអង្គារសប្ដាហ៍ក្រោយដើម្បីចាប់ផ្តើមការងារសាងសង់។
កោះតៃវ៉ាន់បានរងសម្ពាធកាន់តែខ្លាំងឡើងពីកងកម្លាំងចិនដែលបានបង្កើនសកម្មភាពរបស់ពួកគេនៅក្បែរកោះ ខណៈយន្តហោះចម្បាំងបានឆ្លងកាត់ខ្សែសង្វាក់ច្រកសមុទ្រតៃវ៉ាន់ដែលងាយរងគ្រោះ៕