ខេត្តកំពង់ធំ ៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញប្រកាសបញ្ចូលទទួលស្គាល់សមាជិកសមាជិកាគណបក្សចំនួន២៧០នាក់មកពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នាក់ការបក្សឃុំ ដោយមានការចូលរួមពីអនុប្រធានក្រុមការងារចុះជួយស្រុក និងសមាជិកសមាជិកាជាច្រើនរូប។
លោកស្រី ឃួន ឃុនឌី បានកោតសរសើរគណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុមការងារទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកស្រីបានណែនាំដល់សមាជិកគណបក្សថ្មីឲ្យខិតខំបំពេញភារកិច្ចជូនគណបក្សដូចមានចែងយ៉ាងច្បាស់ក្នុងលក្ខន្តិកៈរបស់គណបក្សនិងលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងភាពវិវឌ្ឍន៍រីកចម្រើនរបស់ ប្រទេសជាតិ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។ ការចម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួនយើង គ្រួសារយើង សង្គមជាតិយើងទាំងអស់គ្នា ហើយវាជាទង្វើដ៏ត្រឹមត្រូវបំផុតដើម្បីគាំទ្រនិងរក្សានូវសុខសន្តិភាព បូរណភាពទឹកដី គាំទ្រការអភិវឌ្ឍន៍ ប្រទេសជាតិ។
ចុងបញ្ចប់លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់សមាជិកសមាជិកា ទើបទទួលស្គាល់ថ្មីទាំងអស់រួបរួមគ្នាបន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម។ ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខ័ណ្ឌឲ្យបានទូលំទូលាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះទៅដណ្តើមជ័យជម្នះតាមការរំពឹងទុកសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២-២០២៣ នាពេលខាងមុខនេះ៕