ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០២២ ឯកឧត្ដម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រុមគ្រួសារសពមហាឧបាសក កៅ ខេង បានប្រារព្ធពិធីបុណ្យបញ្ចុះសពមហាឧបាសក កៅ ខេង ដែលបានមរណកាលក្នុងជន្មាយុ១០៤ ឆ្នាំដោយជរាពាធ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងលោកជំទាវដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំពីស្ថាប័ននីតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ រដ្ឋបាលថ្នាក់ក្រោមជាតិ និងឧកញ៉ា អ្នកឧកញ៉ា ។
ក្នុងវិយោគកថា ដែលអានដោយឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ៖ លោកតាមហាឧបាសក កៅ ខេង ត្រូវជាឪពុកឯកឧត្តម កៅ ខុនដារ៉ា ធ្លាប់បានបម្រើការងារជាបាឡាត់ខេត្តកំពត មន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមេគយកំពង់ផែភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ កោះកុង ស្វាយរៀង និងក្រុងភ្នំពេញ ។ ក្រៅពីបំពេញការងារជាមន្រ្តីដ៏ល្អរបស់ជាតិ លោកតា មហាឧបាសក កៅ ខេង ជាឪពុក ជាជីតា ដ៏ល្អប្រកាន់ខ្ជាប់ដោយព្រហ្មវិហារធម៌ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ គ្រប់រូប។
ឯកឧត្ដម កៅ ខុនដារ៉ា តំណាងគ្រួសារសពមហាឧបាសក កៅ ខេង ថ្លែងអំណរគុណដល់សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមពិធីបុណ្យបញ្ចុះសពមហាឧបាសក កៅ ខេង នាពេលនេះ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យជូន ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសអ្នកចូលរួមទាំងអស់សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។