ព័ត៌មានជាតិ

លោកជំទាវ ឃួន ឃុនឌី ៖ ស្ត្រីត្រូវតែទន់ភ្លន់ សុភាពរាបសារ តែមិនទន់ជ្រាយ

កំពង់ធំ៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថាស្ត្រីត្រូវតែទន់ភ្លន់ សុភាពរាបសារ តែមិនទន់ជ្រាយ ។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារីសាលាខេត្តកំពង់ធំថ្ងៃទី២៦ខែកុម្ភ: ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំរ៉ូរ៉ាល់។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក លោកស្រីអភិបាលរងខេត្តនិងមន្ត្រីរាជការជានារីសាលាខេត្តកំពង់ធំប្រមាណជិត៨០នាក់ ។
លោកជំទាវបន្តថាការជួបជុំគ្នានៅពេលនេះមានគោលបំណងប្រារព្ធកម្មវិធី៨មីនាផងនិងជាការនឹករលឹកដែលធ្លាប់បម្រើការងារជាមួយគ្នានៅជាមន្ត្រីដូចគ្នាតាំងពីឆ្នាំ១៩៨៦មកម្លេះ ហើយការបម្រើការងារនៅសាលាខេត្តកំពង់ធំគឺជាកន្លែងផ្តល់ទុនសម្រាប់លោកជំទាវនាពេលបច្ចុប្បន្ន ។ក្នុងនោះលោកជំទាវបានណែនាំដល់ស្ត្រីទាំងអស់ត្រូវខិតប្រឹងប្រែងធ្វើការងារប្រកបដោយឆន្ទះព្រមទាំងសិក្សាស្វែងយល់ការងារដោយមានគំនិតច្នៃប្រឌិត និងមិនត្រូវដេកចាំព្រេងវាសនានោះទេ ។ យើងមានមោទនភាពដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើងហើយជំរុញឲ្យស្ត្រីទាំងអស់មានភាពក្លាហានមានជំនាញមានចំណេះដឹងដើម្បីបានចូលរួមគ្រប់សកម្មភាពរបស់សង្គម ទោះបីជាពេលខ្លះនារីរបស់យើងមានការលំបាកក៏ពិតមែនតែថ្នាក់ដឹកនាំបានខិតខំធ្វើយ៉ាងណាឲ្យស្ត្រីមានតួនាទីស្នូលនិងសំខាន់បំផុតសម្រាប់សង្គមជាតិឱ្យមានការទទួលខុសត្រូវ។ជាមួយគ្នានេះគោលនយោបាយនិងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រនិងលើកស្ទួយដល់ស្ត្រីក្នុងជួរគណបក្សក៏ដូចជាស្ត្រីទូទៅដើម្បីមានឱកាសកសាងនិងបង្ហាញនូវស្នាដៃជូនចំពោះជាតិ ។
លោកជំទាវបន្តទៀតថាស្ត្រីត្រូវមានមហិច្ឆិតានិងឆន្ទះដោយពង្រឹងខ្លួនឯងឲ្យមានសមត្ថភាព ទេពកោសល្យដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ និងចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ។
ចុងក្រោយលោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើដល់ សមាជិកាទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

Leave a Reply

Your email address will not be published. Required fields are marked *