នៅរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ “ គ.ប.ផ.ក.” និង “CMIC” បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាង គ.ប.ផ.ក. ជាមួយ CMIC ក្នុងការដុតកម្ទេចផលិតផលក្លែងក្លាយដែលសមត្ថកិច្ចចម្រុះ នៃ គ.ប.ផ.ក រឹបអូសបាន។
ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. និង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និង អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ព្រមទាំងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ននានាជាច្រើនរូបទៀត។
អនុស្សរណៈដ៏មានសារៈសំខាន់នេះ បង្កើតបានជាយន្តការមួយសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើការដុតកម្ទេចផលិតផលក្លែងក្លាយដែលសមត្ថកិច្ចចម្រុះ នៃ គ.ប.ផ.ក. រឹបអូសបាន។
បន្ទាប់ពីលោក Jorge Baigorri នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានធ្វើបទបង្ហាញអំពីដំណើរការ ក៏ដូចជាខ្សែសង្វាក់របស់ឡកម្ទេចផលិតផលក្លែងក្លាយ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងសុន្ទរកឋារបស់ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការកោតសរសើរ និងបង្ហាញពីភាពចាំបាច់ ព្រមទាំងសារសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលបានបង្កើតឡើងនូវឡកម្ទេច ដោយប្រើប្រាស់បច្ចេកវិទ្យាខូប្រូសេសស៊ីង(Co Processing) និងបច្ចេកវិទ្យា ប្រព្រឹត្តកម្ម ដែលធានាដល់ការការពារបរិស្ថានក្នុងក្របខណ្ឌនៃគម្រោងអេកូសាយខល(Eco Cycle)របស់CMIC ក្នុងការដុតកម្ទេចផលិតផលក្លែងក្លាយ និងខុសច្បាប់ ប្រកបដោយសុវត្ថិភាព និងបរិស្ថាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ទៀតថា ដោយមានការគិតគូអំពីសារសំខាន់ចំពោះសុខភាពរបស់មនុស្ស សត្វ ក៏ដូចជារុក្ខជាតិ ជាពិសេស ក្តីព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន ពីព្រោះថា ប្រសិនបើយើងយកផលិតផល ក្លែងក្លាយ និងខុសច្បាប់ ដែលផ្ទុកសារធាតុគីមីចម្រុះគ្រប់ប្រភេទ ទៅកម្ទចចោលដោយធ្វើមិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះបរិស្ថាន និង ជះឥទ្ធិពលដល់សុខភាពរបស់យើងជាក់ជាមិនខាន ។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយ ទើបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានស្នើសុំគោលការណ៍ទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នាពេលនេះ ដែលខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលដៅបង្កើតកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការ និងក្រុមហ៊ុនជីបម៉ុង ក្នុងការដុតកម្ទេចចោលផលិតផលក្លែងក្លាយ និងខុសច្បាប់ដែលគណៈកម្មាធិការបានប្រតិបត្តិការបង្រ្កាប និងរឹបអូសបាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានសំដែងនូវមោទនភាព និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់ក្រុមហ៊ុន និងក្រុមការងាររបស់គណៈកម្មាធិការ ដែលបានខិតខំធ្វើការពិភាក្សា និង សហការគ្នាយ៉ាងជិតស្និទ្ធរហូតឈានទៅសម្រេចបាននូវលទ្ធផល គឺការចុះអនុស្សរណៈជាមួយគ្នានាពេលនេះ ។
កន្លងមកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានណែនាំឱ្យគណៈកម្មាធិការធ្វើការបង្រ្កាបផលិតផល ឧបករណ៍ សម្ភារៈ សម្រាប់ប្រឆាំងនឹងកូវីត-១៩ ដែលខុសច្បាប់ ដែលជាលទ្ធផលយើងបង្រ្កាបបានជាច្រើនករណី ព្រមទាំងរឹបអូសបានវត្ថុតាង សរុបប្រមាណជិត១០០តោន និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់តុលាការផងដែរ ។ ដោយឡែកពាក់ព័ន្ធនឹងការបង្រ្កាបឱសថខុសច្បាប់ និងមជ្ឈមណ្ឌលកែសម្ជស្សខ្នាតធំមួយចំនួន ត្រូវបានគណៈកម្មាធិការចុះប្រតិបត្តិការបង្រ្កាប និងរឹបអូសវត្ថុតាងជាសម្ភារៈ ក៏ដូចជាឱសថខុសច្បាប់បានជាច្រើនមុខ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការជាច្រើនរូប និងបានបិទទីតាំងអាជីវកម្មពីក្រសួង-ស្ថាប័នជំនាញផងដែរ។
គួរជម្រាបផងដែរថា ជីប ម៉ុង Ecocycle គឺជាអង្គភាពអាជីវកម្មរបស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលផ្តល់ដំណោះស្រាយគ្រប់គ្រងសំណល់ បានមកពីផលិតផលក្លែងក្លាយប្រកបដោយនិរន្តរភាព ទាក់ទងជាមួយការដុតកម្ទេចផលិតផលក្លែងក្លាយ និងកាកសំណល់ផ្សេងទៀតដែលមានផលប៉ះពាល់ជាអវិជ្ជមាន ទាំងទៅលើសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ។ ជីប ម៉ុង Ecocycle បានផ្តល់ដំណោះស្រាយដែលមិនប៉ះពាល់ដល់បរិស្ថានចំពោះផលិតផលក្លែងក្លាយ និងការគ្រប់គ្រងកាកសំណល់ទាំងនេះបានយ៉ាងល្អ ដោយប្រើបច្ចេកវិទ្យាដែលទទួលស្គាល់ជាសកលដែលគេហៅថា “Co-Processing” ដែលនេះពាក់ព័ន្ធនឹងការកម្ទេចសំណល់ឧស្សាហកម្ម និងផលិតផលក្លែងក្លាយដោយប្រើកំដៅ។ បច្ចេកវិទ្យា Co-Processing បានបំពេញនូវស្តង់ដារបទប្បញ្ញត្តិទាំងអស់នៅក្នុងប្រទេស ហើយកំពុងត្រូវបានប្រើប្រាស់ ជាសកលសម្រាប់ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និងផលិតផលក្លែងក្លាយ ។ បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ល្អប្រសើរជាងការចាក់សំរាម និងការដុតពីព្រោះវាផ្តល់នូវដំណោះស្រាយពេញលេញដោយប្រើកំដៅ និងមិនបន្សល់សំណល់ដែល ប៉ះពាល់ដល់បរិស្ថាននោះទេ ។ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ជីប ម៉ុង Ecocycle បានកែច្នៃកាកសំណល់ឧស្សាហកម្ម និងកសិកម្ម បានជាង ១០០ ០០០ តោន ហើយមុននឹងឈានដល់ការចុះអនុស្សរណៈជាមួយគ្នា ក្រុមការងាររបស់គណៈកម្មាធិការបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដល់ទីតាំងឡកម្ទេចរបស់ ក្រុមហ៊ុន ជីប ម៉ុង នៅឯខេត្តកំពតផងដែរ ៕