ខេត្តកំពង់ធំ ៖ឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំបានថ្លែងថា ៖ មន្ត្រីទាំងអស់ត្រូវសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានប្រសើរឡើងដើម្បីលើកកម្ពស់គុណតម្លៃស្ថាប័ន ។ឯកឧត្តមបានថ្លែងក្នុងពិធីប្រកាសលោក ថូ គឹមស៊ន ជាអភិបាលរងស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ។
កម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំងបី ក្រុមប្រឹក្សា លោកមេឃុំ និងមន្ត្រីរាជការនៅក្នុងស្រុកស្ទោង។
ឯកឧត្តម ងួន រតនៈ បានបន្តថាភាពរីកចម្រើនរបស់ស្រុកលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗក៏បានរីកដុះដាលនិងធ្វើការទំនាក់ទំនងបានល្អជាមួយអង្គការដៃគូសប្បុរសជននានា ដើម្បីលើកស្ទួយជីវភាពដល់ពួកគាត់បន្ថែមទៀត ពិសេសគឺបានផ្សព្វផ្សាយពីវិធានការការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩និងជំងឺអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនអញ្ជើញមកចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា។
ឯកឧត្តមក៏បានបន្តទៀតថា អ្នកដឹកនាំត្រូវមានមនសិកា ឆន្ទៈប្រសិទ្ធិភាពខ្ពស់លើកកម្ពស់ថែរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើការទប់ស្កាត់បទល្មើសជាច្រើន ក្នុងនោះការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព គឺជាកត្តាចម្បងសម្រាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ពិសេសមួយទៀតគឺសុវត្ថិភាពផ្សេងៗសូមចូលរួមការពារនិងថែរក្សាឲ្យបានល្អឋឋឋឋឋឋឋ សហការជាមួយអាជ្ញាធរភូមិឃុំនិងសមត្ថកិច្ចទាំងអស់ចូលរួមទប់ស្កាត់កុំឱ្យបញ្ហាកើតឡើងដល់ប្រជាពលរដ្ឋ។
ចុងក្រោយឯកឧត្តមក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវតែសហការគ្នាគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសផុតពីការគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតដោយចុះផ្សព្វផ្សាយនិងអនុវត្តបន្ថែមពីការទប់ស្កាត់នៃការរុករានព្រៃកាប់ឆ្ការព្រៃនៅតំបន់បីដែលជាតំបន់ហាមឃាត់ត្រូវតែមានវិធានការជាបន្ទាន់ដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ លោក ថូ គឹមស៊ន ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកស្ទោងថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងបង្កើនសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពឱ្យបានប្រសើរឡើងដើម្បីលើកកម្ពស់គុណតម្លៃស្ថាប័ននេះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជារបស់ថ្នាក់លើ។ បង្កើនភាពទំនាក់ទំនងបន្ថែមជាមួយអង្គការដៃគូ បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការអភិវឌ្ឍស្រុកស្ទោងឱ្យមានការរីកចម្រើនបន្ថែមទៀត ៕