ខេត្តមណ្ឌលគិរី ៖ មន្ត្រីសាខាពន្ធដារខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យផាកពិន័យ លើមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធតាមកាលកំណត់ ។
លោក សន សារ៉ន មន្ត្រីសាខាពន្ធដារខេត្តមណ្ឌលគិរី ដែលចុះអនុវត្តការនផាកពិន័យ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះថា រយៈពេល៤ថ្ងៃ ក្នុងសកម្មភាពចុះផាកពិន័យ កត់សម្គាល់ឃើញថា យានយន្តរបស់ប្រជាពលរដ្ឋភាគច្រើន ប្រហែលជាង៩០%ទៅហើយ គឺសុទ្ធតែបានបង់ពន្ធផ្លូវត្រឹមត្រូវ មានភាគតិចប៉ុណ្ណោះ ដែលពលរដ្ឋមិនបានបង់ពន្ធ និងត្រូវផាកពិន័យ។
លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលខកខានបង់ពន្ធលើមធ្យោបាយចំនួន១ឆ្នាំ ត្រូវផាកពិន័យឲ្យបង់ពន្ធផ្លូវ១ឆ្នាំ និងពិន័យជាទឹកប្រាក់ ១០០%បន្ថែមទៀត ចំណែកអ្នកខកខានបង់ពន្ធ២ឆ្នាំ តម្រូវឲ្យបង់ពន្ធ២ឆ្នាំ និងពិន័យជាថវិកានៃតម្លៃពន្ធផ្លូវ២ឆ្នាំដូចគ្នា ឧទាហរណ៍ថា ពន្ធផ្លូវដែលតម្លៃ២០ម៉ឺនរៀល ប្រជាពលរដ្ឋខកខានបង់២ឆ្នាំ ដូចនេះត្រូវបង់ពន្ធផ្លូវសង២ឆ្នាំវិញ តម្លៃ៤០ម៉ឺនរៀល និងពិន័យ៤០ម៉ឺនរៀលដូចគ្នា សរុបគឺ៨០ម៉ឺនរៀល។
ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី លោក អ៉ឹង តិចណិញ បានឲ្យដឹងដែរថា ប្រតិបត្តិការនេះនឹងធ្វើឡើងរយៈ ពេល២ខែ ហើយពេលនេះក្រុមមន្ត្រីជំនាញកំពុងអនុវត្តការផាកពិន័យនៅក្នុងក្រុងសែននោរម្យ ដោយនឹងបន្តទៅបណ្ដាស្រុកផ្សេងទៀត នៅពេលខាងមុខ រហូតគ្រប់រយៈពេល២ខែ៕
