ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី និងលោក សាយ គឹ មឡម អភិបាលស្រុកស្ទោង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងមន្ត្រីក្រោមឱវាទ បានចុះសួរសុខទុក្ខ និងផ្តល់ថវិកាដល់ប្រជាពលរដ្ឋ៤គ្រួសារស្ថិតនៅក្នុងភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានអគ្គីភ័យលេបត្របាក់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយសារឆ្លងចរន្តអគ្គិសនី និងប្រគល់ផ្ទះ១ខ្នង នៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ម្ចាស់ផ្ទះឈ្មោះ ម៉េង លី ភេទស្រី(មេម៉ាយ) ទទួលបានផ្ទះ០១ខ្នង សង់ផ្ទាល់ដី មានទំហំ (៤ ម. X ៦ ម.) ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៤គ្រួសារ ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ថ្លែងនៅក្នងឱកាសនោះ លោកជំទាវបានសម្តែងនូវចិត្តសោកស្តាយ និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះទាំងបួនគ្រួសារខាងលើ ដោយលោកជំទាវបានបញ្ជាក់ថា ក្នងនាមលោកជំទាវផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវឧបទ្ទវហេតុដ៏កាចសាហាវណាមួយ កើតមានឡើងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។ ជាមួយនេះផងដែរ លោកជំទាវក៏បានពាំនាំនូវការផ្តាំការសួសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងគ្រប់កាលៈទេសៈ។
ជាចុងបញ្ចប់ លោកជំទាវ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាអគ្គីភ័យដើម្បីសុវត្ថិភាព យើងទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ផងដែរ។ទីណាមានទុក្ខលំបាកទីនោះមានសាខាកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ម្ចាស់ផ្ទះពីរគ្រួសារដែលឆេះ១០០%ទទួលបានថវិកា ១.០០០.០០០រៀល និងពីរគ្រួសារដែលឆេះ ៥០%ទទួលបាន ៥០០.០០០រៀល ព្រមទាំងអង្ករ(២៥ គីឡូក្រាម) មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ិវ០១យួរ ត្រីខ០១យួរ ឃីត០១កញ្ចប់ តង់០១ផ្ទាំង កន្ទេល០១ ឆ្នាំង០១ឈុត (តូច០១.ធំ០១) និងធុងចម្រោះទឹកស្អាត០១គ្រឿង។ ក្នុងពិធីប្រគល់ផ្ទះប្រជាពលរដ្ឋក្រីក្រចំនួន១៤គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំមានដូចជា៖-អង្ករ ០១ បេ (២៥គម.) មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ិវ០១យួរ និងឃីត០១ កញ្ចប់ ៕