អន្តរជាតិ ៖ ក្នុងរយៈពេលតែ៣សប្តាហ៍ដើមឆ្នាំ២០២២ កូរ៉េខាងជើង បានសាកល្បងមីសីលរហូតដល់ទៅ ៥លើក ជាប្រភេទមីស៊ីលទំនើបៗ ល្បឿនលឿន និងមានបច្ចេកវិទ្យានាំផ្លូវទៀតផង ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងជើង បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់កាំជ្រួចមីស៊ីលនៅថ្ងៃទី ២៥ ខែមករា ។ នៅពេលនេះមន្ត្រីកូរ៉េខាងត្បូងកំពុងតែស្រាវជ្រាវបញ្ជាក់ពីការសាកល្បងខាងលើ។
យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ក្រោយការធ្វើតេស្តមីស៉ីលបាលីស្ទិកជាបន្តបន្ទាប់ ក្នុងខែមករានេះ។
នេះជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយ ក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំងដដែល ។
កន្លងមកក្នុងខែមករានេះ កូរ៉េខាងជើងធ្លាប់បានបាញ់តេស្តមីស៉ីលចំនួន៤លើករួចហើយ ដែលរួមមានការបាញ់មីស៉ីលបាលីស្ទិក (ballistic missile) និងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ហើយការធ្វើតេស្តថ្មីចុងក្រោយគេ គឺកាលពីថ្ងៃទី១៧ ខែមករា។ សកម្មភាពធ្វើតេស្តមីស៉ីលយ៉ាងសស្រាក់សស្រាំបែបនេះរបស់កូរ៉េខាងជើង បានញ៉ាំងឱ្យមានការបង្ហាញក្តីបារម្ភពីសំណាក់ប្រមុខអង្គការសហប្រជាជាតិ ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាងផងដែរ ៕