ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពាមមន្ទារ ឯកឧត្តម តាំង សុខហេង អនុប្រធានក្រុមការងារស្រុក និងជាអនុប្រធានក្រុមការងារឃុំពាមមន្ទារ រួមជាមួយសប្បុរសជន បានអញ្ជើញដឹកនាំក្រុមការងារ តំណាង ឯកឧត្តម ខេង សៅវិបុត្ត ប្រធានក្រុមការងារឃុំពាមមន្ទារ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកំពុងជួបការលំបាក និងចាស់ជរាគ្មានទីពឹង ក្នុងមូលដ្ឋានឃុំពាមមន្ទារចំនួន ៤០គ្រួសារ ។
ក្នុងពិធីនេះក៏មានការចូលរួមពីលោកអភិបាលស្រុកកំពង់ត្របែក ព្រមជាមួយថ្នាក់ដឹកនាំក្នុងស្រុក លោកមេឃុំ ពាមមន្ទារ និងថ្នាក់ដឹកនាំក្នុងមូលដ្ឋានឃុំពាមមន្ទារជាច្រើនរូបផងដែរ ។
អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកំពុងជួបការលំបាក និងចាស់ជរាគ្មានទីពឹងក្នុងមូលដ្ឋានឃុំពាមមន្ទារចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ, ទឹកសុទ្ធ១កេស, មី ១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ , និងថវិការ ៥០,០០០៛។
សូមបញ្ជាក់ផងដែលថា ៖ ឯកឧត្តមអនុប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិការដល់១១ភូមិ ចំនួន៤៤០,០០០៛ , ឧបត្ថម្ភឃុំ ៤០០,០០០៛, ឧបត្ថម្ភថវិការ ១,០០០,០០០៛ ជូនដល់រដ្ឋបាលស្រុកក្នុងការរៀបចំកិច្ចប្រជុំពង្រឹងការងាររដ្ឋបាល និងការផ្តល់សេវាក្នុងឃុំពាមមន្ទារ, រដ្ឋបាលប៉ុសិ៍នគរបាល និងប្រជាការពារ ៥៦០,០០០៛ , ប្រគល់ថវិការមរណៈសង្គ្រោះ ៧០០,០០០៛។ សរុបថវិការទាំងងអស់ ១០,៥៤០,០០០៛ ។
ក្នុងឱកាសនោះ ឯកឧត្តម តាំង សុខហេង អនុប្រធានក្រុមការងារស្រុក និងជាអនុប្រធានក្រុមការងារឃុំពាមមន្ទារ ក៏បានលើកឡើងថា អំណោយដែលនាំមកជូនបងប្អូននាពេលនេះគឺមានការចូលរួមចំណែកពីសប្បុរសជន ដែលជាពាណិជ្ជករ ដែលពួកគាត់មានទឹកចិត្តចែករំលែកទៅដល់បងប្អូនដែលមានភាពខ្វះខាតនាពេលនេះផងដែរ។
ឯកឧត្តមអនុប្រធានក្រុមការងារបន្តបន្ថែមទៀតថា នឹងបន្តស្វែងរកជំនួយពីសប្បុរសជនអោយកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមជួយគាំទ្រឧបត្ថម្ភបងប្អូនក្នុងមូលដ្ឋានដែលជួបការលំបាកខ្វះខាតអោយទទួលបានគ្រប់ៗគ្នា។ លោកអនុប្រធានក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវថែរក្សាសុខភាព ធ្វើយ៉ាងណាចៀសឆ្ងាយពីជំងឺកូវិត១៩ ហើយត្រូវប្រកាន់ភ្ជាប់នូវ វិធានការសុខាភិបាល ៣កុំ ៣ការពារ ។ បន្ថែមលើសពីនេះ ឯកឧត្តមអនុប្រធានក៏បានជំរុញអោយបងប្អូនដែលមិនទាន់ចាក់វ៉ាក់សាំង មកទទួលចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាផងដែរ៕