ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារចម្រុះក្នុងខេត្តបានចុះទៅពិនិត្យកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញប្រតិបត្តិការស្រាវជ្រាវនិងដកហូតដីព្រៃលិចទឹកដែលត្រូវបានរំលោភបំពានយកធ្វើកម្មសិទ្ធិ នៅក្នុងតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ។
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃការអនុវត្តន៏បទបញ្ជារបស់សម្ដេចតេជោ កងកម្លាំងប្រដាប់អាវុធមាននគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន២០០ នាក់ បានចុះដកបង្គោលតាមព្រំដីក្នុងតំបន់ដីលិចទឹកបានចំនួន ២០០ ដើម និងរុះរើរោ ងចាំស្រែបានចំនួន៥៥ ខ្នង ។ ដោយឡែកនៅថ្ងៃទី២៩ ខែវិច្ឆិកា អ្នកកាន់កាប់ដីព្រៃលិចទឹកខាងលើនេះ ចំនួន១៣នាក់ ដែលបានកាន់កាប់ ដីព្រៃលិច ចំនួន២.០៥៨,៥០ ហិកតា បានចេញមុខមកសារភាពជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងបានធ្វើលិខិតសុំទោសផ្ញើជូន សម្តេចជោ ហ៊ុន សែន ដោយយល់ព្រមប្រគល់ដីដែលខ្លួនបានកាន់កាប់ខាងលើនេះ ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ជាទិសដៅរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើងវិញ ចំនួន២០ម៉ឺនដើម នៅតំបន់ដីលិច ទឹកដែលបានដកហូតខាងលើនេះ ដែលមានដើមរាំង និងដើមរំដេញ។
ជាមួយគ្នានេះដែរក្រោយពេលបញ្ចប់ការនៅចំណុចខាងលើនេះ រដ្ឋបាលខេត្តនិងដាក់កម្លាំងសមត្ថកិច្ចការពារតំបន់ខាងលើនេះ មិនឱ្យជនខិ លខូចចូលមកកាន់កាប់ ឬអាស្រ័យផលទៀតឡើយ ។
ទាក់ទងនឹងប្រតិបត្តិការខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដីព្រៃលិច ទឹកនៅក្នុងតំបន់គោកព្រះខាងលើនេះ សរុបមានចំនួនជាង៥ពាន់ហិកតា ។ ដោយឡែកតាមការចុះស្រាវ ជ្រាវរបស់មន្ត្រីជំនាញកន្លងមករកឃើញថា ដីជាង២ពាន់ហិកតារ ត្រូវបានជនខិលខូចលួចឈូសឆាយយកជាកម្មសិទ្ធិ និងមកដល់ពេល នេះក្រុមការងារចម្រុះកំពុងចុះស្រាវជ្រាវបន្តទៀតដើម្បីរកអត្តសញ្ញាណអ្នកកាន់កាប់ដី និងទំហំដីដែលបានរងការបំផ្លាញដោយខុសច្បាប់ ។
ទាក់ទងនឹងជនសារភាពចំនួន១៣ នាក់ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោ យបានសារភាព និងធ្វើលិខិតសុំទោសទៅសម្ដេចតេជោហ៊ុនសែន ជនទាំង១៣នាក់ បានទៅលំនៅឋានវិញជាធម្មតា ។ ប៉ុន្តែបើមានប ញ្ជាពីថ្នាក់លើយ៉ាងណានោះ សមត្កកិច្ចនឹងបន្តនីតិវិធីទៀត ៕