ខេត្តបាត់ដំបង ៖ នៅព្រឹកនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ យ៉ាងហោចណាស់មនុស្ស៥នាក់ស្លាប់បាត់ជីវិត និងរបួស០១នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ។ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ស្ថិតនៅចំណុចក្រុមទី៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់ខាងលើនេះកើតឡើងរវាងរថយន្តគ្រឿងម៉ាកហ៊ីណូ ធុនដឹកជញ្ជូនពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1566 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងរថយន្ត១គ្រឿងម៉ាក នីសសាន់ ធុនដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B-2211អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) ដែលកំពុងបើកបរច្រាស់ទិសគ្នា។ ក្រោយកើតហេតុអ្នកបើកបររដយន្តធុនធំរត់គេចខ្លួនបាត់ស្រមោល ចំណែកឯអ្នកបើកបររថយន្តនីសាន់ស្លាប់បាត់បងជីវិត។
យោងតាមសមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុគឺមានមនុស្សស្លាប់ចំនួន៥នាក់ប្រុស ដោយកៀបជាប់ក្នុងរថយន្តទាំងអស់ និងរងរបួសធ្ងន់១នាក់ ប្រុស បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីហើយ ។
កម្លាំងការិយាល័យចរាចរណ៍ខេត្ត កំពុងចុះទៅអន្តរាគមន៍ដោយសារតែសពមនុស្សទាំង៥នាក់ ត្រូវគាបជាប់មិនទាន់យកចេញបាននៅឡើយ៕