រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៦នឹង៣០ នាទីព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។មានករណីបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ព្រះសង្ឃគង់នៅវត្តសាមគ្គីរង្សីនិងញាតិញោមពុទ្ធបរិស័ទជើងវត្ត ដោយសារព្រះសង្ឃមួយអង្គគង់នៅវត្តសាមគ្គីរង្សីមានវិបត្តិនៅក្នុងក្រុមគ្រួសារដាច់ចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនសុគតនៅក្នុងបន្ទប់លោកស្នាក់នៅ។
សពព្រះសង្ឃរងគ្រោះមានព្រះនាម សួន សូនិច មុខរបរ ព្រះសង្ឃ ព្រះជន្ម១៩ព្រះវស្សា ស្នាក់នៅវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅឃុំកំពុងលង់ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាអ្នកឌុបលោកទៅបិណ្យបាត្ររាល់ព្រឹកបានឲ្យដឹងថា មុនពេលកើតហេតុគាត់ទៅវត្តសាមគ្គីរង្សី ដើម្បីឌុបលោកទៅដូចសព្វដង ដោយឡែកនៅព្រឹកនេះមិនឃើញលោកចេញមកក្រៅ ក៏គោះទ្វាស្រែកហៅតែលោកមិនឆ្លើយតប គាត់ក៏ចេញមកវិញ ។ដោយមានការសង្ស័យមិនឃើញលោកចេញមកក្រៅក៏នាំគ្នាទៅកាត់ស័ង្កសីបង្អួចបង្ហើទើបប្រទះឃើញលោកចងកធ្វើអត្តឃាតសុគតបាត់ទៅហើយ ក៏ប្រញាប់រាយការជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកដល់ទីតាំងកន្លែងកើតហេតុ។
បើតាមប្រភពពីព្រះតេជគុណដែលគង់នៅបន្ទប់ជាប់គ្នាបានឲ្យដឹងថា នៅល្ងាច២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា៨យប់ លោកបានយំស្រែកហើយត្អូញត្អែប្រាប់ថា លោកពិបាកចិត្តដោយសារញោមស្រីលោកមានប្ដីក្រោយទៀត ក្រោយមកលោកចូលទៅសឹងទៅ លុះព្រឹកឡើងក៏មិនឃើញលោកចេញក្រៅបន្ទប់រហូតវេលាកើតហេតុក៏ប្រទះឃើញលោកចងកធ្វើអត្តឃាតសម្លាប់ខ្លួនសុគតបាត់ទៅហើយ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច័យសពនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕