ខេត្តបន្ទាយមានជ័យ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកម៉ាស៊ីនជាច្រើនគ្រឿងចុះជួយដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ និងសម្ភារៈ ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈទឹកជំនន់នៅបន្តជន់លិច។
ទន្ទឹមគ្នាដែរ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ក៏បានដឹកនាំកម្លាំងជាច្រើនចុះល្បាតទ្រោលសភាពការណ៍ទឹកជំនន់ និងបានចាត់កម្លាំងនគរបាលច្រើនក្រុម ចុះទៅជួយធ្វើចរាចរណ៍តាមគោលដៅផ្លូវដែលត្រូវទឹកជន់លិចខ្លាំងជូនប្រជាពលរដ្ឋផងដែរ ដើម្បីទប់ស្កាត់ហានិភ័យឬគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងដោយម៉ូតូ គោយន្ត និងរថយន្ត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរងការលិចលង់ដោយទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវរាយការណ៍មកសមត្ថកិច្ចដែលនៅជិតជាបន្ទាន់ ដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ ហើយក៏ត្រូវបន្តអនុវត្តគោលការណ៍សុខាភិបាល 3 កុំនឹង 3 ការពារ ដើម្បីគេចផុតពីការឆ្លងជំងឺកូវីដ 19 ផងដែរ៕