ខេត្តបន្ទាយមានជ័យ ៖នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សមត្តកិច្ចបង្ក្រាប ហើយដុតកំទេចចោលសត្វជ្រូកចំនួន ៨ក្បាល ដែលឈ្មួញលួចនាំចូលតាមច្រករបៀងមកលក់នៅតាមភូមិតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ៍យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ការឃាត់ចាប់នេះធ្វើឡើង ក្រោមការបញ្ជារដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានរកឃើញជ្រូកសាច់ចាក់រួច (ជ្រូកបានសម្លាប់ស្រាប់) ចំនួន៨ក្បាលដែលនាំចូលតាមច្រករបៀងមកលក់នៅតាមភូមិតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ៍យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្តកិច្ចប្រាប់ថា សត្វជ្រូកនេះនាំចូលមកពីប្រទេសថៃឡង់ដ៍ សម្រាប់លក់ចែកចាយបន្តតាមភូមិក្បែព្រំដែនកម្ពុជា-ថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ តំណាងម្ចាស់សត្វឈ្មោះ វន្នី វន្ថា នៅស្រុកអូជ្រៅ។
ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅដុតកំទេចចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ៕