រាជធានីភ្នំពេញ ៖ នៅកម្ពុជាក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់ នៅទូទាំងប្រទេស មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង២០ខេត្ត ជាមួយមន្ត្រីឧទ្យានុរក្សជាបុរស នេះបើតាមក្រសួងបរិស្ថានបានឲ្យដឹង។
ក្រសួងបរិស្ថានបញ្ជាក់ថា ទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្ត្រីឧទ្យានុរក្សទាំងបុរស និងស្ត្រី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕