ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ខណកំពុងល្បាតក្នុងព្រៃប្ញស្សី ក្នុងភូមិសាស្ត្រ ភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃ ចំនួន១៩នាក់ ក្នុងនោះស្រី៨នាក់ ក៏បាននាំយកមកប៉ុស្តិ៍ ដើម្បីសួរនាំ។ ក្រុមពលករបានឆ្លើយសារភាពថា មានមេខ្យល់២នាក់ធានាជូនពួកខ្លួនឆ្លងដែនទៅថៃ ដោយសុវត្តិភាពទើបខ្លួនយល់ព្រមទៅ។
ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញមេខ្យល់ចំនួន២នាក់ ១/ ឈ្មោះ ម៉ៅ ដែ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ពៅ បូរី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួននិងបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ចំណែកពលករចំនួន១៩នាក់ ស្រី៨នាក់ ត្រូវបានបញ្ជូនឲ្យក្រុមការងារចម្រុះមណ្ឌលសំចតប្រចាំការនៅច្រកអូរបីជាន់ ដើម្បីត្រួតពិនិត្យនិងធ្វើចត្តាឡីស័កឲ្យបានគ្រប់១៤ថ្ងៃ ទើបអនុញ្ញាត្តិឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ៕
