នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕
Day: September 5, 2023
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យពិនិត្យ បញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ១១៥ដុល្លារ។ ការណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានមើលឃើញថា តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន ដូច្នេះហើយដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការធ្វើលិខិតឆ្លងដែន ស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សាលើការងារនេះ ដើម្បីអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះលិខិតឆ្លងដែន ខ្ញុំគិតថា យើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្ដិច ខណៈបច្ចុប្បន្នតម្លៃជាង១០០ដុល្លារ»។ គួរជម្រាបថា លិខិតឆ្លងដែន គឺជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស។ បច្ចុប្បន្នសេវាក្នុងការធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ដោយប្រើប្រាស់ពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់ មានសុពលភាព១០ឆ្នាំ នៃការប្រើប្រាស់៕
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៤ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៧នាក់
រាជធានីភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ៦នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ១លើក កត្តាយាន ១លើក ស្រវឹង ១លើក និងកត្តាអាកាសធាតុ ២លើក ៕
ឆ្នេរព្រែកត្រែង នៅសង្កាត់លេខម១ ត្រូវបានអាជ្ញាធរ រៀបចំសំអាតឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋ រុះរើតូបកញ្ជូសដោយស្ម័គ្រចិត្ត ចេញពីលើឆ្នេរ
ខេត្តព្រះសីហនុ ៖ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ឆ្នេរព្រែកត្រែងស្ថិត នៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុត្រូវបានអាជ្ញាធរក្រុង យកគ្រឿងចក្រឈូសឆាយសំអាតឆ្នេរឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋដែលបានដាក់តូបកញ្ចូសនៅលើឆ្នេរ ចូលរួមសហការជាមួយអាជ្ញាធរក្រុង តាមសេចក្តីជូនដំណឹងឲ្យរុះរើសដោយខ្លួនឯងមុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកអភិបាលក្រុងបានមានប្រសាសន៍ថា ក្រោយ ពីការរៀបចំឆ្នេរឡើងវិញអាជ្ញាធរនិងយកមកគ្រប់គ្រងដើម្បីសោភ័ណភាពបរិស្ថានស្អាតសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកអង្គុយសម្រាកលេងកម្សាន្តដោយមិនមានគិតថវិកាអ្វីនោះឡើយ ហើយឆ្នេរព្រែកត្រែងនេះនឹងរៀបចំឲ្យមានការលក់ដូរជាធម្មតា ដូចនៅតាមឆ្នេរអូរឈើទាល ឆ្នេរអូត្រេះក៏ដូចជាឆ្នេរពយជំទាវម៉ៅជាដើម។ តែមិនអនុញ្ញាតឲ្យបងប្អូនចាប់វា ជាទីកន្លែងនៅលើឆ្នេរធ្វើជាកម្មសិទ្ធិបុគ្គលណាម្នាក់នោះឡើយ គឺបងប្អូនអាចលៃលកឬក៏ជួលទីតាំងផ្សេង ការរៀបចំនេះក្នុងគោលបំណងរួមដើម្បីការគ្រប់គ្រងមាន សណ្ដាប់ធ្នាប់ សោភ័ណភាព បរិស្ថានស្អាត ឆ្លើយតបទៅនឹងកំណើននៃការ អភិវឌ្ឍន៍របស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។ លោកអភិបាលក្រុងក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយអាជ្ញាធរក្រុងក្នុងការរៀបចំឆ្នេរព្រែកត្រែងនេះឡើង វិញឲ្យបានស្អាតនិងជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ទូទៅមកអង្គុយលេងកម្សាន្តប្រកបដោយផាសុខភាព៕ប្រភពអាកាប៉េ
បេទ្បារុស្ស ចោទប្រកាន់ ប៉ូទ្បូញ ថាបានប្រើ ឧទ្ធម្ភាគចក្រយោធា រំលោភព្រំដែន រាប់រយគីទ្បូម៉ែត្រ
អន្តរជាតិ ៖ ទីក្រុង Minsk បានចោទប្រកាន់ទីក្រុង Warsaw ពីបទរំលោភព្រំដែន បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាប៉ូឡូញ ត្រូវបានចោទប្រកាន់ថា បានហោះរាប់រយគីឡូម៉ែត្រ ចូលទៅក្នុងទឹកដីបេឡារុស្ស។ ឆ្មាំព្រំដែនបេឡារុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៕